
កាលបរិច្ឆេទ: ១៥ ធ្នូ ២០២៥ / កសិកម្ម / Author : ATH Sokren
នៅត្រីមាសទីបីក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលទទួលបានកំណើនដ៏រឹងមាំទាំងផ្នែកឱសថ ទាំងផ្នែកផលិតផលកសិ-ចំណីអាហារខ្មែរ។
ក្រោមការដឹកនាំរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង គណៈកម្មាធិការប្រតិបត្តិបានដកស្រង់បទពិសោធន៍នៅឆ្នាំនេះពីកំណើននៃការលក់ក្នុងស្រុក ពីការកើនឡើងឥតឈប់នៃការនាំចេញ និងពីការរៀបចំដែលកាន់តែល្អប្រសើរ។
នៅសហគ្រាសផលិតឱសថប៉េប៉េអេម អត្រានៃការលក់នៅតាមឱសថស្ថានកើនឡើងពីរខ្ទង់បើធៀបទៅនឹងឆ្នាំមុន ជាពិសេសដោយសារការកើនឡើងយ៉ាងខ្លាំងនៃការលក់ផលិតផលឈានមុខរបស់សហគ្រាស។ ម្យ៉ាងវិញទៀត ការទទួលបានវិញ្ញាបនបត្រថ្នាក់អន្តរជាតិសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ទាំងអស់របស់សហគ្រាសក៏បានចូលរួមចំណែកក្នុងកំណើននេះដែរ។ ចំណែកឯការលក់ផលិតផលរបស់ក្រុមហ៊ុនដែលជាដៃគូសហការរបស់សហគ្រាសទាមទារឱ្យមានការកែតម្រូវយ៉ាងប្រុងប្រយ័ត្ននូវគោលដៅនាពេលអនាគត។ យុទ្ធសាស្រ្តពាណិជ្ជកម្មផ្តោតទៅលើការធ្វើឯកទេសនីយកម្មៈ លះបង់ចោលយុទ្ធសាស្រ្តលក់ផលិតផលជាទូទៅ ហើយងាកមកលក់តែផលិតផលឈានមុខគេដែលគាំទ្រដោយក្រុមការងារផ្នែកផ្សព្វផ្សាយផលិតផលឱសថ និងត្រូវពង្រីកបណ្តាញឱសថស្ថានដែលជាដៃគូឱ្យកើនឡើងទ្វេដងនៅពេលអនាគត។
នៅលើទីផ្សារបរទេស សកម្មភាពរបស់ក្រុមការងារនៅបណ្តាប្រទេសអាហ្វ្រិកនិយាយភាសាបារាំងបង្ហាញពីកំណើនខ្ពស់ជាងទីផ្សារ ជាមួយនឹងការពង្រឹងទីផ្សាររបស់ខ្លួននៅតាមបណ្តាប្រទេសអាហ្វ្រិកខាងលិចមួយចំនួន។ ក្នុងចំណាត់ថ្នាក់ជាតិ សហគ្រាសផលិតឱសថប៉េប៉េអឹមបានក្លាយជាសហគ្រាសឈានមុខគេនៅលើទីផ្សារសំខាន់ៗដែលម៉ាកល្បីៗរបស់ខ្លួនជាពិសេសថ្នាំបំបាត់ការឈឺចាប់ ថ្នាំសម្រាប់ព្យាបាលជំងឺត្រចៀកច្រមុះបំពង់ក ថ្នាំសម្រាប់រោគស្រ្តី និងអាហារូបត្ថម្ភ កំពុងតែក្លាយជាផលិតផលដែលលេចធ្លោជាងគេ។ សម្រាប់ផែនការទៅថ្ងៃអនាគត សហគ្រាសសង្ឃឹមថានឹងអាចចូលទៅក្នុងចំណោមក្រុមហ៊ុនសហគ្រាសឱសថសំខាន់ៗនៅក្នុងតំបន់នៅឆ្នាំ២០៣០ តាមរយៈការកែលម្អយុទ្ធសាស្រ្តតាមប្រទេសនីមួយៗ ដើម្បីសម្រេចថាតើត្រូវវិនិយោគនៅទីណា តើត្រូវរក្សាកិច្ចខិតខំប្រឹងប្រែងនៅទីណា ឬក៏ត្រូវដកខ្លួននៅទីណា។
ចំណែកឯក្រុមហ៊ុនខនហ្វីរេលវិញ អត្រានៃការលក់នៅលើទីផ្សារក្នុងស្រុកកើនឡើង ដោយសារតែពាណិជ្ជកម្មទំនើប Showroom និងផលិតផលច្នៃប្រឌិតថ្មីៗ។ ការនាំចេញបានកើនឡើងជាមួយនឹងកំណើនពីរខ្ទង់សម្រាប់ការលក់ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល តាមរយៈការធ្វើពិពិតកម្មទីផ្សារនៅប្រទេសអូស្រ្តាលី នូវែលហ្សឺឡង់ និងអឺរ៉ុប។
ក្នុងបរិបថនៃការផ្លាស់ប្តូរនេះ បញ្ញាសិប្បនិម្មិត (AI) ដើរតួកាន់តែសំខាន់ឡើងៗ។ តួនាទីរបស់បញ្ញាសិប្បនិម្មិតដែលត្រូវបានដាក់ឱ្យប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយលែងគ្រាន់តែដើម្បីបំពេញកិច្ចការដោយស្វ័យប្រវិត្តិទៀតហើយ តែវាអាចជួយបំភ្លឺផ្លូវសម្រាប់ការសម្រេចចិត្តផងដែរ ធ្វើការវិភាគយ៉ាងលម្អិតលើផលិតផល បង្ហាញពីបញ្ហា បង្ហាញពីសមត្ថភាពផ្ទៃក្នុងតាមផ្នែកនីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំសង្កត់ធ្ងន់ទៅលើតម្រូវការឱ្យក្រុមការងារត្រួតពិនិត្យបន្ថែមលើសំណើរបស់បញ្ញាសិប្បនិម្មិត ដើម្បីជ្រើសរើសថា តើអនុសាសន៍របស់ AI ស្របនឹងបរិបទដែរឬទេ និងដើម្បីចៀសវាងការវិនិច្ឆ័យខុស។
អនុសាសន៍របស់លោកឧកញ៉ាឱសថបណ្ឌិតមិនផ្លាស់ប្តូរឡើយៈ តម្រូវការនៅតែមាន មិនថានៅលើទីផ្សារក្នុងស្រុក ឬក៏នៅបរទេសនោះទេ។ ប៉ុន្តែការប្រកួតប្រជែងបច្ចុប្បន្ននេះគឺអាស្រ័យទៅលើសមត្ថភាពក្នុងការពង្រឹងការរៀបចំ បង្កើនភាពជឿជាក់លើការផលិត និងត្រូវធ្វើការសម្រេចចិត្តឱ្យបានរហ័ស។ នៅក្នុងបរិយាកាសមួយដែលដៃគូប្រកួតប្រជែងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុនសហគ្រាសប៉េប៉េអេម-ខនហ្វីរេល មិនត្រូវឈប់ត្រឹមហ្នឹងទេ៕